ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​តាំង​ពី​អំឡុង​សតវត្ស​ទី​ ១៤ ?

បណ្ឌិត ធុយ ចាន់ធួន បង្ហាញកាំភ្លើងធំ មានចារឹកអក្សរ បុរាណ ខ្មែរ លើ តួ កាំភ្លើង

តាម​ការ​ពិនិត្យ​ទៅ​លើ​ស្លាក​ស្នាម​ប្រវត្តិ​សាស្រ្ត និង សំណល់​កាំភ្លើង​ធំ​ជាច្រើន​ដើម ដែល​បន្សល់​ទុក​នោះ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​សម្រាប់​ ប្រើ​ប្រាស់ តាំង​ពី​នា​អំឡុង​កាល​សម័យ​អង្គរ​មក​ម្ល៉េះ​ ។

ការ​ហ៊ាន​សន្និ​ដ្ឋាន​បែប​នេះ គឺ​ដោយ​យោង​ទៅ​លើ​ភស្តុ​តាង​មួយ​ចំនួន​ដែល​បាន​ បន្សល់​ទុក ។

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត មាន​ប្រសាសន៍​ឱ្យ ដឹង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​នា​ពេល​កន្លង​មក​ថា​ បើ​យោង​ទៅ​តាម​កំណត់​ត្រា​ក្នុង​ឯក​សារ​មហា​បុរស​ខ្មែរ ដែល​បាន​រៀប​រៀង​ដោយ​លោក អេង សុត នោះ ឃើញ​ថា បុព្វ​បុរស​ខ្មែរ មាន​កាំភ្លើង​ធំ​ប្រើ​រួច​ទៅ​ហើយ​នៅ​ក្នុង​អំឡុង​​​សម័យ​អង្គរ​ ។

យោង​ទៅ​តាម​សំណេរ​នៅ​ក្នុង​ឯក​សារ​នេះ បាន​កត់​ត្រា​ថា នៅ​ក្នុង​រាជ​របស់​ព្រះ​បាទ​ លំពង់​រាជា ដែល​សោយ​រាជ្យ​ពី​អំឡុង​គ្រិស្ត​សក​រាជ ១៣​៤៦ ដល់ ១៣​៥១ ស្ដេច​សៀម​នាម​ ព្រះ​ចៅ​រាមា​ធិបតី ក្រុង​ស្រី​អយុធ្យា មាន​ព្រះទ័​យ​កម្រើក​ជា​ខ្លាំង ខ្ញាល់​នឹង​ព្រះ​មហា​នគរ « ប្រទេស​កម្ពុជា » ថា​ពុំ​បាន​ទៅ​ចំណុះ ចុះ​ចូល​ព្រះ​អង្គ ទើប​ទ្រង់​ព្រះ​តម្រាស់​ត្រាស់​ប្រើ​ព្រះ​​ រាមា​សូរ ជា​រាជ​បុត្រ​ច្បង និង ព្រះ​ស៊ី​សុបត្តិ ជា​ព្រះ​រាជ​នត្តា​(ចៅ)​ឱ្យ​លើក​ទ័ព​ប៉ង​មក​យក​ ក្រុង​កម្ពុជា​ធិបតី បង្ខំ​វាយ​កុំ​ឱ្យ​ដឹង​ខ្លួន ។ ព្រះ​បាទ​លំពង់​រាជា ក្រោយ​ពី​ដឹង​ហេតុ​ភេទ​សព្វ​ គ្រប់​ហើយ ក៏​ប្រជុំ​ជាមួយ​នឹង​ព្រះ​រាជ​វង្សា​នុ​វង្ស សេនា​បតី និង មន្រ្តី​ជា​ច្រើន​ទៀត ។ បន្ទាប់​ ពី​កិច្ច​ប្រជុំ ព្រះ​​អង្គ​ក៏​សម្រេច​ព្រះ​ទ័យ​តាម​ព្រះ​តម្រិះ​របស់​សម្ដេច​ព្រះ​មហា​ឧប​រាជ ជា​ព្រះ​អនុជ​ ហើយ​ក៏​រៀប​ចំ​យុទ្ធ​សាស្រ្ត ដើម្បី​បណ្ដេញ​ទ័ព​សៀម​ចេញ​ពី​មហា​នគរ ។ កង​ទ័ព​ខ្មែរ​ចេញ​​ប្រយុទ្ធ​នឹង​ទ័ព​សៀម​រហូត​ទទួល​ជ័យ​ជម្នះ ។ ទ័ព​សៀម​ស្លាប់​អស់​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ ព្រះ​ស៊ី​សុបត្តិ ជា​ចៅ​របស់​ស្ដេច​សៀម​ផង​ដែរ ដោយ​ត្រូវ​ព្រះ​មហា​ឧប​រាជ កាប់​នឹង​ព្រះ​ឆែង​​ដាវ​ត្រូវ​ក​ដាច់​ធ្លាក់​អំពី​ខ្នង​ដំរី​មក​ដល់​ដី​ទទួល​មរណៈ​ភ្លាម ។ ទ័ព​សៀម​ទទួល​បរា​ជ័យ ក៏​​បែក​ទ័ព ប្រាស​យក​តែ​អាយុ​សព្វៗ​ខ្លួន ។

ឯក​សារ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​មក​ទ័ព​សៀម​បាន​លើក​មក​វាយ​ខ្មែរ​ទៀត​ ។ ចម្បាំង​លើក​នេះ ទ័ព​ខ្មែរ​វាយ​ទ័ព​សៀម​ក៏​ពុំ​បែក សៀម​វាយ​ទ័ព​ខ្មែរ​ក៏​ពុំ​បែក​ដែរ ។ កង​ ទ័ព​ខាង​ព្រះ​មហា​នគរ​« អង្គរ​ធំ​ប្រទេស​កម្ពុជា ក៏​អូស​កាំភ្លើង​ធំ » មក​ដាក់​គង​លើ​ភាគ​កំផែង​ បន្ទាយ ហើយ​បាញ់…។

តាម​រយៈ​ការ​កត់​ត្រា​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ គ្រិស្ត​សក​រាជ ប្រទេស​កម្ពុជា​ក្នុង​ចុង​សម័យ​កាល​អង្គរ​​មាន​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​​រួច​ទៅ​ហើយ ។ ប៉ុន្តែ​ឯក​សារ​នេះ មិន​បាន​បញ្ជាក់​អំពី​ប្រភព​នៃ​កាំភ្លើង​ទាំង​នេះ​នោះ​ទេ ដោយ​ហេតុ​​នេះ​​ហើយ ទើប​មាន​ចម្ងល់​មួយ​ចោទ​ឡើង​ថា តើ​កាំភ្លើង​ទាំង​នោះ​ខ្មែរ​បាន​មក​ពី​ណា ? ឬ​មួយ​ទិញ​ពី​អឺរ៉ុប ?

ទាក់​ទង​ទៅ​នឹង​ចំណោទ​នេះ បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ពន្យល់​ទៅ​តាម​ឯក​ សារ​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​ថា ខ្មែរ​មិន​អាច​ទិញ​កាំភ្លើង​ពី​ពួក​អឺរ៉ុប​បាន​នោះ​ទេ ដោយ​ ហេតុ​ថា ពួក​អេស្ប៉ាញ​ជា​ជន​ជាតិ​អឺរ៉ុប ដែល​បាន​ចូល​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​ នោះ គឺ​នៅ​អំឡុង​ឆ្នាំ ១៥​២១ ដែល​ត្រូវ​គ្នា​នឹង​សតវត្ស​ទី ១៦ នៃ​គ្រិស្ត​សក​រាជ ហើយ​ក៏​ជា​ សម័យ​កាល​ក្រោយ​អង្គរ​ដែរ ។

លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​ថ្លែង​បន្ត​ថា ៖ « យោង​ទៅ​លើ​មូល​ហេតុ​នេះ យើង​អាច សន្និ​ដ្ឋានថា ខ្មែរ​នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ​គ្រិស្ត​សក​រាជ​មិន​អាច​ទិញ​កាំភ្លើង​ធំ​ពី​ពួក​អឺរ៉ុប​បាន​ទេ » ។

ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ ក៏​ចម្ងល់​មួយ​ទៀត​លើក​ឡើង​ថា តើ​ប្រទេស​កម្ពុជា ក្នុង​ អំឡុង​ចុង​សម័យ​អង្គរ​អាច​ទិញ​កាំភ្លើង​ធំ​មក​ពី​ចិន​ដែរ​ឬ​ទេ ? ព្រោះ​ជា​ប្រទេស​ដែល​មាន​​ព្រំ​ដែន​ជាប់​គ្នា ហើយ​ចិន​ក៏​ជា​ប្រទេស​ដែល​រក​ឃើញ​រំសេវ​មុន​គេ​ផង​ដែរ ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ផ្នែក សិលា​ចារឹក និង ប្រវត្តិ​សាស្រ្ត អនុ​បណ្ឌិត​ វង់ សុធារ៉ា សាស្រ្តា​ចារ្យ​នៅ​សាកល​វិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ ឱ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​ទៅ​ លើ​ឯក​សារ​មួយ​ចំនួន ដែល​លោក​ធ្លាប់​បាន​ជួប​ប្រទះ​ឃើញ​ថា ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ គ្រិស្ត​សក​រាជ ប្រទេស​ចិន​ប្រហែល​ជា​មិន​ទាន់​អាច​ផលិត​​កាំភ្លើង​ប្រើ​ប្រាស់​បាន​នៅ​ឡើយ​ ទេ ។

អ្នក​ជំនាញ​រូប​នេះ​ថ្លែង​បន្ត​ថា ៖ « ការ​កត់​ត្រា​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​ នៅ​​ប្រទេស​ចិន ឃើញ​មាន​ច្បាស់​​ក្នុង​អំឡុង​ឆ្នាំ ១៦​៤៤ ដល់ ១៩​១១ ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្រប់​គ្រង​របស់​រជ្ជ​កាល​ឆេង ដែល​ត្រូវ​គ្នា​នឹង​សត​វត្ស​ទី ១៧ ដល់​​សត​​វត្ស​​ទី ​២០ » ។

ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ​ក៏​ដោយ ក៏​នៅ​ក្នុង​ឯកសារ Wikipedia ដែល​​សរ​សេរ​អំពី​ប្រវត្តិ​សាស្រ្ត​ចិន​ ក៏​មាន​រៀប​រាប់​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​កាំភ្លើង​ដែរ ។ ឯក​សារ​ដដែល​ឱ្យ​ដឹង​ថា​ ការ​ប្រើ​ប្រាស់​កាំភ្លើង​​ក្នុង​ប្រទេស​ចិន​ឃើញ​​មាន​នៅ​ក្នុង​រាជ​វង្ស សុង លាវ និង សៀ​ខាង​លិច​ ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ ៩៦០ ដល់ ១២​៣៤ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​នឹង​សត​វត្ស​ទី ១០ រហូត​ដល់​​ទី ១៣ ។

នៅ​ក្នុង Website ដដែល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រជ្ជ​កាល​ក្រោយៗ មក​ទៀត​ រាជ​វង្ស​យាន ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ ១២​៧១ ដល់ ១៣​៦៨ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​ នឹង​អំឡុង​សត​វត្ស​ទី ១៣ ដល់​​​ទី ១៤ និង នៅ​ក្នុង​រាជ​វង្ស​មិង ដែល​មាន​អាយុ​កាល​ពី​អំឡុង​ឆ្នាំ ១៣​៦៨ ដល់ ១៦​៤៤ នៃ​គ្រិស្ត​សក​រាជ ដែល​ត្រូវ​គ្នា​នឹង​អំឡុង​សត​វត្ស​ទី ១៤ ដល់​ទី ១៧ នោះ ក៏​មាន​ប្រើ​ប្រាស់​កាំភ្លើង​ធំ​ផង​ដែរ ។ ប៉ុន្តែ​រាល់​បណ្ដា​ព័ត៌​មាន​ដែល​បាន​កត់​ត្រា​ទាំង​នេះ មិន​បាន​បញ្ជាក់​អំពី​ការ​ផលិត​កាំភ្លើង​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ប្រើ​ប្រាស់​នោះ​ទេ ។

ករណី​បែប​នេះ សាស្រ្តា​ចារ្យ​បណ្ឌិត ស៊ន សំណាង សន្និ​ដ្ឋាន​ថា ៖ « បច្ចុ​ប្បន្ន​​នេះ​ នៅ​ពេល​​ដែល​រក​មិន​ទាន់​ឃើញ​ថា ប្រទេស​កម្ពុជា​នៅ​អំឡុង​ចុង​សម័យ​អង្គរ​ មិន​បាន​ទិញ​កាំភ្លើង​ធំ​ពី​ប្រទេស​ណា​មក​ប្រើ​នោះ​ទេ យើង​​អាច​​សន្មត​​បាន​​ថា កាំភ្លើង​ទាំង​នោះ ប្រហែល​ជា​​​ផលិត​ក្នុង​ស្រុក នៅ​​លើ​​ទឹក​​ដី​ខ្មែរ​​តែ​ម្ដង » ។

យ៉ាង​ណា​ក៏​ដោយ ក៏​​ការ​កត់​ត្រា​អំពី​កាំភ្លើង​​​ដែល​​​​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​

សាស្ត្រ​ខ្មែរ នៅ​នា​អំឡុង​សត​វត្ស​ទី ១៤ នោះ គឺ​និយាយ​ត្រឹម​តែ​ជា​ការ​យក​កាំភ្លើង​ធំ​មក​ប្រើ​

នៅ​ក្នុង​ការ​ប្រយុទ្ធ​ប៉ុណ្ណោះ គឺ​មិន​បាន​អធិ​ប្បាយ​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​ឡើយ ។

ទោះ​បី​ជា​បែប​នេះ​ក្ដី ក៏​នៅ​សម័យ​ក្រោយ​មក មាន​ការ​កត់​ត្រា​មួយ​ចំនួន​ដែល​ទាក់​ ទង​ទៅ​នឹង​ការ​ផលិត​កាំភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ដដែល ។

ឯក​សារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា បាន​កត់​ត្រា​ថា នៅ​ក្នុង​អំឡុង​ពេល​ សោយ​រាជ្យ​របស់​ព្រះរាម​រាជា អង្គនន់ ពី​ឆ្នាំ ១៧​៧៥ ដល់ ១៧​៧៩ ព្រះ​រាជា​អង្គ​នេះ បាន​ ចេញ​រាជ​បញ្ជា​ឱ្យ​សិត​(ចាក់​លោហ​ជាត ឬ ក្រមួន​ជា​ដើម ដែល​រលាយ​រាវ​ក្នុង​ពុម្ព​ឱ្យ​កើត​ បាន​ជា​រូប​រាង​អ្វីៗ​ឡើង​)កាំភ្លើង​បញ្ច​រង្គ កិន​រំសេវ…ជាដើម ។ នេះ​ជា​ភស្តុ​តាង​មួយ ដែល​ បញ្ជាក់​ថា ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ប្រើ​ប្រាស់ ។

ភស្តុ​តាង​មួយ​ទៀត គឺ​តាម​រយៈ​កាំភ្លើង​ធំ​មួយ​ចំនួន​ដែល​តម្កល់​ទុក​នៅ​សារ​មន្ទីរ​ជាតិ​ ភ្នំពេញ ។ នៅ​ក្នុង​ចំណោម​កាំភ្លើង​ទាំង​នោះ មាន​មួយ​ចំនួន​ក៏​បាន​ចារឹក​អក្សរ​ខ្មែរ​សម័យ​ បុរាណ​លើ​តួ​កាំភ្លើង​ផង​ដែរ ។

អនុបណ្ឌិត វង់ សុធារ៉ា អ្នកជំនាញផ្នែក សិលាចារឹក និង ប្រវត្តិសាស្រ្ត

ទាក់​ទង​ទៅ​នឹង​អក្សរ​ដែល​មាន​នៅ​លើ​តួ​កាំភ្លើង​ធំ​នោះ អនុ​បណ្ឌិត វង់ សុធារ៉ា បាន​ ឱ្យ​ដឹង​ថា ៖ « អក្សរ​នេះ មាន​ន័យ​ថា អ្នក​ចៅ​ហ្វ៊ា​ជា​អ្នក​ចៅ​ពញា​អព្ភៃ​ធី​បែស ឱ្យ​ធ្វើ​នៅ​មហា​ សក​រាជ ១៧​១០ វក នក្សត្រ ១០ កើត ចេត្រ មេសា អង្គារពារ ដែល​ត្រូវ​គ្នា​នឹង​គ្រិស្ត​សក​រាជ​ ១៧​៨៨ » ។

តាម​រយៈ​អត្ថ​ន័យ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា កាំភ្លើង​ធំ​ទាំង​នេះ ត្រូវ​បាន​បញ្ជា​ឱ្យ​ធ្វើ​ ដោយ​មនុស្ស​ម្នាក់ ដែល​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ដំណើរ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ដែរ នោះ​គឺ​មន្រ្តី​ធំ​ម្នាក់​ ឈ្មោះ ចៅ​ពញា​អភ័យ​ធី​បែស​បែន ឬ ឧក​ញ៉ា បែន ដែល​ជា​អ្នក​លើក​ទ័ព​នាំ​ព្រះ​អង្គ​អេង​ យាង​មក​សោយ​រាជ្យ​នៅ​ប្រទេស​ខ្មែរ ហើយ​ក៏​ជា​អតីត​ចៅ​ហ្វាយ​ខេត្ត បាត់​ដំបង នៅ​អំឡុង​ ឆ្នាំ ១៧​៩៤ ផង​ដែរ ។

តាម​រយៈ​ភស្តុ​តាង​ទាំង​នេះ អ្នក​ស្រាវ​ជ្រាវ​សន្និ​ដ្ឋាន​បាន​ថា ដូន​តា​ខ្មែរ​ប្រហែល​ជា​ ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ប្រទេស​តាំង​ពី​យូរ​លង់​កន្លង​មក​ហើយ ។

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ពន្យល់​បន្ថែម​ថា មូល​ហេតុ​ដែល​សន្និ​ដ្ឋាន​បែប​នេះ​ គឺ​ដោយ​សារ​ខ្មែរ​មាន​ធន​ធាន​ធម្ម​ជាតិ​ជា​ច្រើន​អនេក ដោយ​ហេតុ​ថា ខ្មែរ​មាន​សម្បត្តិ​ធម្ម​ ជាតិ​ច្រើន​រាប់​មិន​អស់​បែប​នេះ​ហើយ ទើប​ខ្មែរ​អាច​សាង​សង់​ប្រាសាទ​រាប់​ពាន់​បន្សល់​ទុក​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ។ លោក​បណ្ឌិត​ថ្លែង​បន្ត​ថា ៖ « បើ​ខ្មែរ​ចេះ​សាង​ ប្រាសាទ​រាប់​ពាន់ រឿង​អី​ដែល​ខ្មែរ​មិន​អាច​ផលិត​កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​បាន​នោះ ហើយ​​​ខ្មែរក៏​មាន​ធន​ធាន​ដែក​ធម្ម​ជាតិ ដែល​មាន​គុណ​ភាព​ខ្ពស់​ជា​ច្រើន​អនេក​ផង​ដែរ » ។

ភស្តុ​តាង​ដែល​បង្ហាញ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ សម្បូរ​ទៅ​ដោយ​ធន​ធាន​ដែក​នោះ គឺ​តាម​ រយៈ​កំណាយ​បុរាណ​វិទ្យា ដែល​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​បារាំង ខ្មែរ​ បាន​រក​ឃើញ​ថា មនុស្ស​នៅ​លើ​ដី​ខ្មែរ​ចេះ​ប្រើ​ប្រាស់​ដែក​តាំង​ពី​​ច្រើន​ពាន់​ឆ្នាំ​មុន​​គ្រិស្ដ​សក​រាជ ឬ តាំង​ពី​សម័យ​កាល​បុរេ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​មក​ម្ល៉េះ ។ ស្ថានីយ​ដែល​អ្នក​ស្រាវ​ជ្រាវ​​ទាំង​នោះ ​បាន​រក​ឃើញ​​ មាន​ដូច​ជា​ស្ថានីយ​សំរោង​សែន ខែត្រ​កំពង់​ឆ្នាំង ម្លូព្រៃ ខែត្រ​ព្រះវិហារ ភូមិមូល ឬ បន្ទាយគូ ខែត្រ​​កំពង់​ចាម ភូមិស្នាយ ខែត្រ​បន្ទាយ​មាន​ជ័យ និង ស្ថានីយ​ព្រហារ ខែត្រព្រៃ វែង ជា​ដើម ។ ឧប​ករណ៍​អំពី​លោហៈ ដែល​រក​ឃើញ​នៅ​តាម​ស្ថានីយ​ទាំង​នោះ មាន​ដូច​ជា ដុំ​អាចម៍​ដែក ក្បាល​ព្រួញ កណ្ដៀវ គ្រឿង​អលង្ការ អាវុធ ដាវ​ កាំបិត ព្រួញ កងដៃ កងជើង និង វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗជាដើម ។

វត្ថុ​តាង​មួយ​ទៀត​ដែល​ទើប​តែ​រក​ឃើញ​នោះ គឺ​គំនរ​អាចម៍​ដែក ។

គំនរអាចម៍ដែក នៅក្នុងខេត្ត ព្រះវិហារ

បណ្ឌិត ធុយ ចាន់ធួន អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ បាន​ស្រាវ​ជ្រាវ​រក​ឃើញ​គំនរ​អាចម៍​ដែក​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ ២០០៩ នោះ បាន​ឱ្យ​ដឹង​ថា​ មាន​ខែត្រ​ពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​អាច​ជា​កន្លែង​ស្ល​ចម្រាញ់​រ៉ែ​ដែក ដើម្បី​បាន​ជា​ ដែក​សម្រាប់​បម្រើ​សេចក្ដី​ត្រូវ​ការ​ក្នុង​សង្គម​។ ខែត្រទាំងពីរនោះ គឺ កំពង់ធំ និង ព្រះវិហារ​។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ដដែល​ថ្លែង​បន្ត​ថា​៖​​ « កន្លែង​ស្ល​ដែក​​ធំ​ជាង​គេ ដែល​ខ្ញុំ​បាន​​រក​ឃើញ​នោះ ស្ថិត​នៅ​ក្នុង​ខែត្រ​ព្រះវិហារ ហើយ​ទី​តាំង​នេះ ក៏​អាច​ជា​ឧស្សាហ​កម្ម ផលិត​ដែក​ធំ​ជាង​គេ​បង្អស់​របស់​ខ្មែរ នា​កាល​ពី​អតីត​ផង​ដែរ » ។

ការ​សន្និ​ដ្ឋាន​បែប​នេះ ដោយ​លោក​បណ្ឌិត​បាន​រក​ឃើញ​ថា នៅ​ក្នុង​ខែត្រ​ព្រះវិហារ​ មាន​គំនរ​អាចម៍​ដែក​ជា​ច្រើន​កន្លែង ដែល​បាន​បន្សល់​ទុក​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ ។ ក្នុង​នោះ កន្លែង​ខ្លះ គំនរ​អាចម៍​ដែក​មាន​កម្ពស់​រហូត​ដល់​ជាង ១០ ម៉ែត្រ​ក៏​មាន ។ ចំពោះ​ផ្ទៃ​ ដី​មាន​គំនរ​អាចម៍​ដែក​នៅ​សល់ ដែល​លោក​ទើប​តែ​ស្រាវ​ជ្រាវ​រក​ឃើញ​បាន​មួយ​ចំនួន​នៅ​ ឡើយ​នោះ ឃើញ​ថា មាន​ទំហំ​ប្រហែល ៣៦ គីឡូ​ម៉ែត្រ​ក្រឡា ដែល​ស្ថិត​ក្នុង​ស្រុក​សង្គមថ្មី ស្រុក​រវៀង ស្រុក​ជ័យសែន និង ស្រុកឆែប ជាដើម ។ ស្រុក​ទាំង​​នេះ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ខែត្រ​ព្រះវិហារ​បច្ចុប្បន្ន ។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​ដដែល ឱ្យ​ដឹង​​បន្ថែម​​​ថា តាម​រយៈ​កម្ពស់​គំនរ​អាចម៍​​ដែក​ដែល​នៅ​សល់ និង ផ្ទៃ​ដី​ដែល​មាន​គំនរ​អាចម៍​ដែក​​នោះ នាំ​ឱ្យ​លោក​អាច​សន្និ​ដ្ឋាន​បាន​ទៀត​ ថា ទាល់​តែ​ប្រើ​កម្លាំង​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន និង ផលិត​ទើប​មាន​គំនរ​ អាចម៍​ដែក​សល់​ជា​ច្រើន​បែប​នេះ ។ បណ្ឌិត ធុយ ចាន់ធួន ថ្លែង​បន្ត​ថា បើ​ប្រើ​កម្លាំង​មនុស្ស​ រាប់​ពាន់​នាក់​បែប​នេះ វា​មិន​អាច​ចាត់​ទុក​ថា ជា​សិប្ប​កម្ម​​​បាន​ទេ ហេតុ​នេះយើងអាច​​សន្មត​​បាន​ថា វា​ប្រហែល​​​ជា​​តំបន់​​​ឧស្សាហ​កម្ម​ផលិត​ដែក​នៅ​ក្នុង​សម័យ​បុរាណ​ ហើយ​ការ​ផលិត​នេះ ប្រហែល​ជា​អាច​នាំ​ចេញ​ទៅ​បរទេស​ទៀត​ផង ។

សូម​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ការ​ស្រាវ​ជ្រាវ​កន្លង​មក​បាន​រក​ឃើញ​ថា នៅ​ទូ​ទាំង​ ប្រទេស​កម្ពុជា មាន​ទី​តាំង​ដែល​អាច​ជា​កន្លែង​ឡ​ស្ល​ដែក​ប្រហែល​ជាង ១០០ កន្លែង ប៉ុន្តែ​ ព្រះវិហារ គឺ​ជា​ខែត្រ ដែល​មាន​សំណល់​អាចម៍​ដែក​ច្រើន​ជាង​តំបន់​ដទៃ​ទាំង​អស់ ។

តាម​រយៈ​ភស្តុ​តាង​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត សំណល់​កាំភ្លើង និង អក្សរ​ចារឹក​នៅ​លើ​តួ​ កាំភ្លើង ព្រម​ទាំង​គំនរ​អាចម៍​ដែក នាំ​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​យល់​ស្រប​គ្នា​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក្នុង​ករណី​ដែល​នៅ​មិន​ទាន់​រក​ឃើញ​ថា នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៤ នៃ​គ្រិស្ត​សក​រាជ ខ្មែរ​ មិន​បាន​ទិញ​កាំភ្លើង​ធំ​ពី​បរ​ទេស​មក​ប្រើ​ទេ​នោះ មាន​ន័យ​ថា​​​បុព្វ​បុរស​ខ្មែរ​ប្រហែល​ជា​អាច​មាន​លទ្ធ​ភាព​ធ្វើ​កាំភ្លើង​ធំ​សម្រាប់​ប្រើ​រួច​​ទៅ​​ហើយ​នៅ​ចុង​សម័យ​អង្គរ ។

អ្នក​ស្រាវ​ជ្រាវ​សន្និ​ដ្ឋាន​បន្ថែម​ថា ប្រសិន​ជា​នៅ​មុន​សត​វត្ស​ទី ១៨ ខ្មែរ​មិន​ចេះ​ផលិត​ កាំភ្លើង​ធំ​សម្រាប់​ប្រើ​ប្រាស់​នោះ​ទេ ក៏​ប្រហែល​ជា​នៅ​ក្នុង​អំឡុង​សត​វត្ស​ទី ១៨ មិន​មាន​ កាំភ្លើង​ធំ​ដែល​មាន​ចារឹក​អក្សរ​ខ្មែរ​នៅ​លើ​នោះ​ បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ៕

សូម​ស្តាប់​បទ​សម្ភាសន៍​ជា​សំឡេង​ជា​មូយ​ Radio Australia, សូម​ចុច​ត្រង់​នេះ​

អត្ថ​​បទ និង រូប​​ថត​​ដោយៈ អ៊ុំ វ៉ុន មន្រ្តី​​ស្រាវ​​ជ្រាវ នៅ​​រាជ​​បណ្ឌិត្យ​​សភា​​កម្ពុជា

Share This Post

Recent Articles

14 Responses to “ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​តាំង​ពី​អំឡុង​សតវត្ស​ទី​ ១៤ ?”

  1. khoy dare says:

    ចង់​ទទួល​ព៏ត៌មាន​ថ្មី​ពី​ការស្រាវជ្រោវខាងបុរាណវិទ្យានិងប្រវត្តិសាស្រ្ត

    • Khoy you are welcome
      Are you in RUPP?
      Dr. THUY Chanthourn

    • chiv Kimlong says:

      ចង់ឲ្យលោកគ្រូបញ្ជាក់ឲ្យបានច្បាស់ និងស្វែងរកពត៍មានដែលអាចយកជាការបាន។ ថាតើកាំភ្លើងដែលព្រះបាទលំពង់រាជាប្រើក្នុងការធ្វើចម្បាំជាមួយសៀមនោះ បានផលិតដោយខ្លួនឯង ឬនាំចូលពីប្រទេសក្រៅ?

  2. សួស្តី Khoy
    តើពតមានស្រាវជ្រាវដែលខូយចង់បាន បែបណា? សម័យណា?
    ពី សាស្រ្តាចារ្យ បណ្ឌិត ធុយ ចាន់ធួន

  3. yon yoeung says:

    Hi professor i just know good website for history student the same me. wish professor have good luck. thank you very much.

  4. នេរុ says:

    ខ្ញុំអត់ជឿលើការអះអាងនេះទេ ព្រោះអីមិនមានសំអាងគ្រប់គ្រាន់ទាំងអស់។មានន័យថាទី១ យើងពុំមានកាំភ្លើងធំដែលផលិតនៅសតវត្សទី១៤មួយដើមដែលនៅសេសសល់ផងហ្នឹង។​
    ទី២ ពុំមានឯកសារថាខ្មែរមានបច្ចេកទេសផលិតកាំភ្លើងផងហ្នឹង។
    ដោយសំអាងលើកាំភ្លើងធំដែលផលិតនៅសតវត្សទី១៨ មកសំអាងលើកាំភ្លើងសតវត្សទី១៤នោះមិនអាចយកជាការបានឡើយ។ព្រោះអាចថាខ្មែរចំលងរូបមន្តនេះពីបរទេស។សូមរកឲ្យឃើញភ័ស្តុតាងខ្លះមក មិនគ្រាន់តែសំណល់ឡដែកនោះទេ!

    សង្ឃឹមថាខ្មែរមានប្រវត្តិសាស្រ្តត្រឹមត្រូវ​

    • ជម្រាបសួរ នេរុ
      ភស្តុតាងបុរាណវត្ថុ/ប្រវត្តិសាស្រ្ត ខ្មែរយើងច្រើន សន្ធឹកសន្ធាប់ដែលបរទេសក្បែរខាងយើង គេលួចទៅ ប្រវត្តិសាស្រ្តខ្មែរ ស្ទ្ទើរបាត់បង់ទាំងស្រុង ។ ទើបតែទសវត្ស១៩៩០ ទើបខ្មែរ ត្រូវបានឲ្យសិក្សាប្រវត្តិសាស្រ្តឡើងវិញ។ បារាំង និងបរទេសនានា បានសរសេរប្រវត្តិសាស្រ្តយើង ។ តើខ្មែរយើងប៉ុន្មាននាក់ហើយ កំពុងសរសេរសៀវភៅ….. ថ្មីៗនេះខ្ញំ បានសិក្សាទៅលើឧស្សាហកម្មដែកបុរាណនៅកម្ពុជា បានប្រទះឃើញ រាប់សិបកន្លែង និងរាប់ម៉ឹន ម៉ែត្រគូប…. ដែលបារាំងឫបរទេសមិនដែលដឹងពីមុនមក ទាំងនេះជាភស្តុតាងមួយ ។ ម្យ៉ាងវិញទៀត តើមានប្រទេសក្បែរខាងណាដែល ចង់ឲ្យ ប្រទេសខ្មែរយើងរីកចំរើន? សូមអានប្រវត្តិសាស្រ្ត និងចូលរួមស្រាវជ្រាវ ទាំងអស់គ្នា ខ្ញំស្វាគមន៏ជានិច្ច។
      ពីបណ្ឌិត ធុយ ចាន់ធួន

    • Hongry says:

      Dear Hongry
      Good to hear from you, I wish you should read more in BEFEO for the ancient Khmer History. Then you should read thesis Dr. Sorn Samnang for the late History.
      Yours,
      Dr. Chanthourn

  5. ខ្ញុំ​ទើប​តែ​រក​ឃើញ​សំណៅ​ដើម​កាសែត​កម្ពុជា​ ​ឆ្នាំ​ទី​១៩​​លេខ​៤០០៥​ចេញ​ផ្សាយ​ថ្ងៃ​សុក្រ​ទី​២៧​ខែ​មីនា​ឆ្នាំ​១៩៥៩​ ​ទំព័រ​១​ច និង​​ទី៤​ច​ ​និង​កាសែត​មាតុភូមិ​ ​ឆ្នាំទី​៧​ ​លេខ​៦៥៦​ចេញ​ផ្សាយ​ថ្ងៃ​សៅរ៍​ទី​២៨​​ខែ​មីនា​ឆ្នាំ​១៩៥៩​ទំព័រ​ទី​១គ​ ​និង​ទី២គ​ ​មាន​ចុះ​ផ្សាយ​ពី​ការ​រក​ឃើញ​កាំភ្លើង​ធំ​បុរាណ​ចំនួន​៣​ដើម​ ​​ពី​បាត​ទន្លេ​មេគង្គ​​ក្នុង​ខេត្ត​កំពង់​ចាម​ ​គឺ​តូច​១​ដើម​ ​និង​ធំ​២​ដើម​ដែល​មាន​ចារឹក​អក្សរ​នៅ​លើ​​កាណុង​នោះ​។​ ​កាណុង​ធំ​ទី​១​ ​មាន​ចារ​អក្សរ​ថា​ «ចៅ​ស្រី​រាជនុកូល​ ​ចាសុបតាស​»​ ​ឱកហ្លួង​​បាន​នរាជ​ព.ស.​២២៣៩​ ​និង​កាណុង​ទី២​ ​មាន​អក្សរ​ថា​ ​«ចៅស្រី​រាជនុកូល​ ​ចាតុបតាស»​ ​ឱកសែន​រាជ​ព.ស.​២២៣៩​។ ​បើ​តាម​​​កាល​បរិច្ឆេទ​នេះ​ ​គួរ​តែ​កាណុង​កាំភ្លើង​ទាំង​ពីរ​ត្រូវ​គេ​ផលិត​នៅ​ឆ្នាំ​១៦៩៦​ ​ក្នុង​រាជ្យ​ព្រះបាទ​ជយជេដ្ឋាទី៣​។​ ​ប៉ុន្តែ​ ​ខ្ញុំ​នៅ​តែ​សង្ស័យ​ចំពោះ​ការ​អាន​តួលេខ​កាល​បរិច្ឆេទ​នេះ​ ​ដោយ​សារ​​មាន​បញ្ហា​ពីរ​ដែល​ត្រូវ​ពិចារណា​។​ ​ទី១​ ​កាល​បរិច្ឆេទ​លើ​កាណុង​នេះ​ ​គួរ​តែ​ចារឹក​ជា​​មហាសករាជ​ ​មិន​មែន​ជា​ពុទ្ធ​សករាជ​ទេ​,​ ​ទី​២​ ​បើ​គេ​ប្រើ​មហាសករាជ​​មែន​ ​គឺ​ឆ្នាំ​១៦១៨ ហើយ​ជា​ទូទៅ​អ្នក​អាន​​សម្រាប់​យក​មក​ចុះ​កាសែត​អាច​​អាន​ច្រឡំ​ ​ដោយសារ​​លេខ​៧​ ​មាន​រូបរាង​ស្រដៀង​គ្នា​នឹង​លេខ​៦​។ ​បើ​ដូច្នោះ​មែន​ ​កាណុង​កាំភ្លើង​ធំ​ទាំង​២​នេះ​ ​គួរ​តែ​កសាង​ក្នុង​ជំនាន់​កាំភ្លើង​ធំ​​​ដែល​លោក​ ធុយ​ចាន់​ធួន​ ​និង​អ៊ុំ​ ​វុន​ ​បាន​លើក​យក​មក​បង្ហាញ​នេះ​​ដែរ​។ ​គួរ​ឲ្យ​ស្តាយ​​ ​ដែល​សព្វ​ថ្ងៃ​ ​យើង​មិន​ដឹង​ថា​ ​កាំភ្លើង​នោះ​នៅ​ទី​ណា​​។

  6. ជម្រាបសួរលោកសាស្រ្តាចារ្យវង់ សុធារ៉ា
    សូមលោកផ្តល់ ឫផ្សព្វផ្សាយជាសាធារណ​ សម្រាប់កូនខ្មែរយើងស្វែងយល់ទាំងអស់គ្នា ក្រុមស្រាវជ្រាវ យើងខ្ញុំ ស្វាគមន៏ ជានិច្ចរាល់ មតិយោបល់ និងអត្ថបទវិទ្យាសាស្រ្តសង្គម។
    ពី បណ្ឌិត​ ធុយ ចាន់ធួន

  7. hongry says:

    dear professor!
    I am so interested in your info from your website. i am thankful for your working for cambodia. i am lucky to see your research. in this website, i mostly saw about industrial steel, but i need more detail abut history. now may you tell me about the basically historical website? i hope this thing you will help me.

    from history student of RUPP

Leave a Reply

© 2014 Cambodia Research. All rights reserved. Site Admin · Entries RSS · Comments RSS
Powered by Vutha