ដោយ ឱម ឧត្ដម
2010-02-13
អ្នកស្រាវជ្រាវបានបង្ហាញរបាយការណ៍ពីការរកឃើញទីតាំងផលិត ដែកមួយដែលមានទ្រង់ទ្រាយជាឧស្សាហកម្មខ្នាតធំតាំងពីសម័យបុរាណមក ម្ល៉េះ នៅភូមិដងផ្លិត ឃុំឆែប ស្រុកឆែប ខែត្រព្រះវិហារ ដែលការរកឃើញនេះគឺជាភស្តុតាងថ្មីមួយដែលអ្នកស្រាវជ្រាវមុនៗមិន ទាន់បានរកឃើញនៅឡើយទេ។
អ្នកស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា លោក ធុយ ចាន់ធួន អនុបណ្ឌិតផ្នែកបុរាណវិទ្យា បានបង្ហាញពីរបាយការណ៍នៃការរកឃើញឡស្លដែកបុរាណដែលមានទ្រង់ទ្រាយ ធំជាងការរកឃើញមុនៗទៅទៀត។
លោក ធុយ ចាន់ធួន សន្និដ្ឋានថា ស្ថានីយដែលបានរកឃើញនេះ ប្រហែលជាកន្លែងឧស្សាហកម្មឡស្លដែកធំជាងគេនៅកម្ពុជាក្នុងសម័យ បុរាណ។
លោក ធុយ ចាន់ធួន បានឲ្យដឹងដូច្នេះ ៖ «ដំបូងខ្ញុំគិតថា ឧស្សាហកម្មឡស្លដែកនៅតំបន់ឆែបម្លូព្រៃហ្នឹងគឺតំបន់ក្បែរផ្លូវ ក៏ប៉ុន្តែតំបន់ក្បែរផ្លូវនេះគ្រាន់តែជាសិប្បកម្មឡស្លដែក ដល់ពេលយើងទៅក្នុងកណ្ដាលព្រៃជ្រៅ ៣០គីឡូម៉ែត្រចេញពីសាលាស្រុក នេះគឺជាឧស្សាហកម្មឡស្លដែកសម័យបុរាណ។ យើងសន្និដ្ឋានថា ជាឧស្សាហកម្មមូលហេតុអី? ចំពោះអាចម៍ដែកនិងរបស់របរដែលបន្សល់នៅស្ថានីយហ្នឹងវាហួសនឹងការ ស្មាន។ ប្រសិនបើយើងគិតពីឡស្លដែកនៅក្នុងព្រៃដែលមានកម្ពស់៦-៧-៨ម៉ែត្រ ខ្ពស់ជាងផ្ទៃដីធម្មតានេះ យើងគិតថា វាមិនមែនជារឿងធម្មតាទេសម្រាប់មនុស្សស្លដែកនៅក្នុងតំបន់ឆែប ម្លូព្រៃ»។
វត្ថុដែលអ្នកស្រាវជ្រាវបានរកឃើញនោះមានដូចជា កងជាច្រើនប្រភេទ ផ្លែលំពែង អាចម៍ដែក បំពង់បង្ហូរអាចម៍ដែកនិងសារធាតុសម្រាប់ជួយធ្វើឲ្យដែកឆាប់រលាយ ព្រមទាំងសំណល់ជាច្រើនទៀតជាដើម។ វត្ថុទាំងអស់នេះនៅមិនទាន់ធ្វើកាលបរិច្ឆេទដោយវិទ្យុសកម្មកាបូន ១៤ ដែលជាសារធាតុគីមីសម្រាប់កំណត់អាយុកាលរបស់វត្ថុទាំងនោះនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការរកឃើញនេះជាការបំពេញនូវចន្លោះខ្វះខាតមួយចំនួនផ្នែកការងារ ស្រាវជ្រាវផងដែរ។
សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តស្ថាបត្យកម្ម បណ្ឌិត សូ សុគន្ធារី អ្នកជំនាញជួសជុលប្រាសាទដែលបានចូលរួមនៅក្នុងសន្និសីទសារព័ត៌មាន នេះមានប្រសាសន៍ថា ៖ «ខ្ញុំគិតថា នេះជារបកកំហើញ ឬក៏ជាការស្រាវជ្រាវសម្រាប់សម័យនេះ គឺថា សម័យដែលខ្មែរយើងត្រូវធ្វើដោយខ្លួនឯង។ កន្លងមកការស្រាវជ្រាវជាច្រើនដែលអ្នកវិទ្យាសាស្រ្ដបារាំងគាត់បាន ធ្វើការស្រាវជ្រាវយើងបានត្រឹមតែមើលឃើញក្នុងឯកសារខ្លះៗ ហើយឯកសារខ្លះទៀតក៏យើងពិបាកនឹងរកដែរ។ អ៊ីចឹងតាមរយៈការបន្សល់ឯឝសារទាំងនោះហើយ កូនខ្មែរយើងជំនាន់ក្រោយនេះបានធ្វើដោយខ្លួនឯង។ ខ្ញុំមានមោទនភាព ហើយខ្ញុំក៏ជួយជ្រោមជ្រែងលើកទឹកចិត្តសម្រាប់ឲ្យគាត់បន្តការងារ ហ្នឹងទៀត»។
ការសិក្សានេះមានរយៈពេលចំនួន៧ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមករា ដើមឆ្នាំ២០១០នេះ។ កន្លែងឡស្លដែកដែលអ្នកស្រាវជ្រាវបានរកឃើញនេះ មានទីតាំងស្ថិតក្នុងភូមិដងផ្លិត ឃុំឆែប ស្រុកឆែប ខែត្រព្រះវិហារ និងមានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីសាលាស្រុកឆែប៕
Copyright © 1998-2011 Radio Free Asia. All rights reserved.



